កូនឡានអគ្គិសនី Honda សាកពេញជិះបាន ២១០គ.ម ហើយប្រើជាម៉ាស៊ីនភ្លើងបានទៀត

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្តម៉ូដែល N-Van ប្រភេទអគ្គិសនី ដែលនឹងត្រូវដាក់លក់លើទីផ្សារក្នុងស្រុកក្នុងដើមឆ្នាំ២០២៤។ សម្រាប់តម្លៃ មិនបានប្រកាសនៅឡើយទេ ប៉ុន្តែកាលឆ្នាំ២០២២ Honda ធ្លាប់និយាយថាវាអាចមានតម្លៃប្រមាណ ៦ពាន់ដុល្លារ។ រូបរាងនៃរថយន្តអគ្គិសនីនេះគឺមិនខុសពីប្រភេទដែលប្រើប្រាស់ម៉ាស៊ីនសាំងនោះទេ ដែលនេះអាចជាគុណសម្បត្តិមួយក្នុងការជួយកាត់បន្ថយថ្លៃអភិវឌ្ឍន៍ផលិតផលថ្មី ដែលជួយឲ្យរថយន្តមានតម្លៃធូរថ្លៃ។ អ្វីដែលខុសប្លែកនោះគឺនៅត្រង់ផ្ទាំងប៉ាណាមុខ និងរន្ធសាកភ្លើងដែលស្ថិតនៅខាងមុខ។ ផ្នែកខាងក្នុងគឺមានលក្ខណៈសាមញ្ញ ដោយមានប្រព័ន្ធម៉ាស៊ីនត្រជាក់ដូចជាម៉ូដែល N-Box ដែលជារថយន្តខ្នាតតូចលក់ដាច់ជាងគេនៅជប៉ុន ហើយវាមានកៅអីអង្គុយចំនួនបួន ដែលអាចបត់ឲ្យរាបស្មើទាំងស្រុងបាន។ Honda មិនបានប្រកាសអំពីលក្ខណៈសម្បត្តិបច្ចេកទេសនៃម៉ូទ័រអគ្គិសនីរថយន្តនេះទេ ប៉ុន្តែនិយាយថាវាមានសមត្ថភាពស្ទុះលឿន និងអាចដឹកទម្ងន់ធ្ងន់បានផងដែរ។ សម្រាប់ទំហំអាគុយក៏មិនបានការបញ្ជាក់នោះដែរ ប៉ុន្តែ Honda និយាយថាវាអាចបើកបរបានចម្ងាយ ២១០គ.ម ពេលបើកបរជាមួយការបើកបរបែប ECON ដោយការសាកភ្លើងពេញចំណាយពេលប្រមាណ ៥ម៉ោង។ មួយវិញទៀត រថយន្តនេះក៏មានសមត្ថភាពផ្ដល់ថាមពលដល់ឧបករណ៍អគ្គិសនីដទៃទៀតបានផងដែរ៕ ប្រភព